អំពី​បង​ភ័ក្រ

បងភ័ក្រ គឺ​ជា​សេវាកម្ម​ការងារ​ដែល​ជួយ​និយោជក​និង​​និយោជិត/កម្មករ​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា។

បងភ័ក្រ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​​ពិសេស​សម្រាប់​វិស័យ​សំណង់, រោងចក្រ, សន្តិសុខ និង​បដិសណ្ឋារកិច្ច សម្រាប់​និយោជិត/កម្មករ​​គ្មាន​ជំនាញ និង​មាន​ជំនាញ​កម្រិត​ទាប។

សម្រាប់​និយោជិត/កម្មករ បងភ័ក្រ៖

  • ផ្ដល់​ព័ត៌មាន​អំពី​ការងារ​ដែល​មាន​ដែល​ពួកគេ (ឬ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ)​ អាច​ចាប់អារម្មណ៍
  • អនុញ្ញាត​ឲ្យ​ពួកគេ​ដាក់ពាក្យ​សុំ​ការងារ​​ធ្វើ​​ដែល​បាន​ប្រកាស​ដោយ​ក្រុមហ៊ុន និង​ផ្ដល់​ព័ត៌មាន​ទំនាក់ទំនង​ឲ្យ​​ក្រុមហ៊ុន
  • អនុញ្ញាត​ឲ្យ​ពួកគេ​ប្រាប់​ពី​ការងារ​ដែល​​ឃើញ​នៅ​ក្នុង​​ បងភ័ក្រ​ដល់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ដែល​​ពួកគេ​អាច​ចាប់អារម្មណ៍

សម្រាប់​ក្រុមហ៊ុន​ក្នុង​វិស័យ​បាន​​​រៀបរាប់​ខាង​លើ បងភ័ក្រ៖

  • អនុញ្ញាត​ឲ្យ​ពួកគេ​ប្រកាស​ដំណឹង​ជ្រើសរើស​បុគ្គលិក​បាន​ភ្លាមៗ​ដោយ​មិន​គិត​ថ្លៃ
  • ផ្ដល់​ព័ត៌មាន​ទំនាក់ទំនង​របស់​និយោជិត​/កម្មករ ដែល​ចាប់អារម្មណ៍​នឹង​ដំណឹង​ជ្រើសរើស​បុគ្គលិក​របស់​ពួក​គេ
  • អនុញ្ញាត​ឲ្យ​ពួកគេ​ស្វែងរក​បញ្ជី​និយោជិត/កម្មករ​​ដែល​បាន​ចុះឈ្មោះ​នៅ​​ក្នុង​បងភ័ក្រ​សម្រាប់​បេក្ខជន​ដែល​មាន​ជំនាញ​​ជាក់លាក់​តាម​តម្រូវការ​របស់​ពួកគេ។
  • អនុញ្ញាត​ឲ្យ​ពួកគេ​ដំណើរការ​ជ្រើសរើស​​បុគ្គលិក​តាម​តម្រូវការ​ និង​ពេលវេលា​របស់​ពួកគេ

តើ​កត្តា​អ្វី​ធ្វើ​ឲ្យ​បងភ័ក្រ​មាន​លក្ខណៈ​ពិសេស?

បងភ័ក្រ មិន​ព្យាយាម​ផ្លាស់ប្ដូរ​វិធី​ដែល​និយោជិត/កម្មករ​​រក​ការងារ​ធ្វើ​ទេ។
  • ជា​រឿយៗ​អ្នក​ដែល​ស្វែងរក​ការងារ​គ្មាន​ជំនាញ​ដំបូង​របស់​ពួកគេ​ តែងតែ​សួរ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ដែល​កំពុង​ធ្វើ​ការ​អំពី​ការងារ​ដែល​មាន​ដែល​ពួកគេ​ដឹង។ តាម​ធម្មតា មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​​អាច​ផ្ដល់​ព័ត៌មាន​អំពី​ការងារ​ដែល​មាន​នៅ​កន្លែង​​ធ្វើការ​របស់​ពួកគេ។
  • ជា​ទូទៅ និយោជក​ប្រកាស​ដំណឹង​ជ្រើសរើស​បុគ្គលិក​ដល់​និយោជិត​/កម្មករ​​ដែល​កំពុង​បម្រើ​ការងារ​ ដោយ​​ឲ្យ​ពួក​គេ​​ប្រាប់​ដំណឹង​នេះ​ដល់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​អំពី​ឱកាស​ការងារ​ទាំ​ង​នេះ។
  • បងភ័ក្រ គាំទ្រ​មធ្យោបាយ​ទំនាក់ទំនង​នេះ​ដោយ​ផ្ដល់​ព័ត៌មាន​ដល់​និយោជិត/កម្មករ​​​ដែល​កំពុង​បម្រើ​ការងារ​អំពី​ការងារ​ក្នុង​ផ្នែក​របស់​ពួកគេ ព្រម​ទាំង​ជួយ​ពួកគេ​ផ្ញើ​ព័ត៌មាន​នេះ​ទៅ​និយោជិត/​​កម្មករ​នៅ​ផ្ទះ​តាមរយៈ​ការ​ហៅ​ទូរស័ព្ទ​ដោយ​ស្វ័យ​​ប្រវត្តិ។

បងភ័ក្រ​ ប្រើ​បច្ចេកវិទ្យា​ដែល​សមស្រប​សម្រាប់​មនុស្ស​ម្នាក់ៗ

  • នៅ​ក្នុង ​បងភ័ក្រ យើង​ដឹង​ថា​​មនុស្ស​ជិត​ពាក់កណ្ដាល​​ដែល​បច្ចុប្បន្ន​​កំពុង​បម្រើ​ការងារ​​នឹង​​​មាន​ទូរស័ព្ទ​ទំនើប​​ ប្រើ​ប្រាស់​ត្រឹម​ចុង​ឆ្នាំ ២០១៦ ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ណាស់​​ដែល​កំពុង​ស្វែងរក​ការងារ​ដំបូង​មាន​ឧបករណ៍​​ប្រភេទ​នេះ និង​អាច​ប្រើ​អ៊ីនធឺណិត​បាន។ នេះ​​ជា​មូលហេតុ​ដែល​​ បង​ភ័ក្រ​ត្រូវ​​​ទាក់ទង​ជា​មួយ​និយោជិត​/កម្មករ​បច្ចុប្បន្ន​តាមរយៈ​ហ្វេសប៊ុក។
  • សម្រាប់​អ្នក​ដែល​មិន​ប្រើ​អ៊ីនធឺណិត បងភ័ក្រ អាច​​ទាក់ទង​ពួកគេ​​អំពី​ឱកាស​ការងារ​តាមរយៈ​ការ​ហៅ​ទូរស័ព្ទ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​ពី​មិត្តភ័ក្ដិ​របស់​ពួកគេ​ដែល​ប្រើ​ហ្វេសប៊ុក​​​បញ្ជូន​ឱកាស​ការងារ​ទៅ​​លេខ​ទូរស័ព្ទ​​​​ពួកគេ។ ពួកគេ​នឹង​ទទួលការ​ហៅ​ដែល​មាន​សំឡេង​ដូច​ខាង​ក្រោម៖
    • សួស្ដី, យើង​កំពុង​ហៅ​អ្នក​ពី​សេវាកម្ម​ការងារ​បងភ័ក្រ។ បង​ស្រី​របស់​អ្នក​បាន​ស្នើ​សុំ​ឲ្យ​យើង​ទាក់ទង​អ្នក​​អំពី​ការ​ឱកាស​ការងារ​ដូច​ខាង​ក្រោម៖ ក្រុមហ៊ុន កខគ ធ្វើការ​​ផ្នែក​កាត់ដេរ​សំលៀកបំពាក់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​កំពុង​ជ្រើសរើស​បុគ្គលិក​បី​នាក់​សម្រាប់​មុខតំណែង "អ្នក​​​តភ្ជាប់"​ ដោយ​ផ្ដល់​ជូន​នូវ៖ ប្រាក់​ខែ​ចាប់​​ពី ១៦០ ដល់ ២១០ ដុល្លារ​អាស្រ័យ​លើ​សមត្ថភាព​របស់​និយោជិត/កម្មករ, ហើយ​ក៏​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដូច​ជា៖ ថ្លៃ​ធ្វើ​ដំណើរ, ថ្លៃ​ម្ហូបអាហារ, ប្រាក់​​រង្វាន់​សម្រាប់​ការ​​មក​ធ្វើការ​ទៀងទាត់​ពេលវេលា និង​ប្រាក់​រង្វាន់​សម្រាប់​ការ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ឱកាស​ការងារ​នេះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ២០១៦។ ឥឡូវ​ ប្រសិនបើ​អ្នក​ចង់​ស្ដាប់​​ដំណឹង​ជ្រើសរើស​បុគ្គលិក​នេះ​​ម្ដង​ទៀត សូម​ចុច​លេខ ០, ប្រសិន​បើ​អ្នក​ចាប់អារម្មណ៍​ឱកាស​ការងារ​នេះ ហើយ​ចង់​ឲ្យ​និយោជក​ហៅ​មក​អ្នក សូម​ចុច​លេខ ១, ប្រសិនបើ​អ្នក​​​​ចាប់អារម្មណ៍​ស្ដាប់​ឱកាស​ការងារ​ផ្សេង​ៗ​ទៀត​នៅ​​​​ក្បែរ​កន្លែង​​អ្នក សូម​ចុច​លេខ ២, ប្រសិនបើ​អ្នក​ចង់​ឲ្យ​យើង​​ហៅ​ទៅ​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ សូម​ចុច​លេខ ៣, ប្រសិនបើ​អ្នក​ចង់​ឲ្យ​យើង​​ហៅ​ទៅ​អ្នក​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក​សូម​ចុច​លេខ ៤ ។
  • ប្រសិន​បើ​អ្នក​ជា​អ្នក​​ទទួល​ការ​ហៅ​ដែល​បាន​ដាច់ ហើយ​​ហៅ​​មក​លេខ​បង​ភ័ក្រ​ម្ដង​ទៀត នោះ​បងភ័ក្រ​នឹង​ចងចាំ​លេខ​ទូរស័ព្ទ​ ហើយ​នឹង​​ប្រកាស​​ដំណឹង​ដដែល​ម្ដង​ទៀត ឬ​​ប្រកាស​ការងារ​ផ្សេង​ទៀត​ដែល​នៅ​ជិត​ទីតាំង​ដដែល (បងភ័ក្រ​សន្មត​ថា​មនុស្ស​ចង់​ធ្វើការ​នៅ​ក្បែរ​​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ)។
  • សម្រាប់​អ្នក​ដែល​ប្រើ​ហ្វេសប៊ុក​អាច​ប្រើ​បងភ័ក្រ ដើម្បី​ស្វែងរក​ការងារ​នៅ​កន្លែង​ណាមួយ​ក្នុង​ប្រទេស និង​ក្នុង​​ផ្នែក​ណា​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំង​បួន​ដែល​ពួកគេ​ធ្វើ​ការ។ ពួកគេ​ក៏​អាច​ចុះឈ្មោះ​ក្នុង​បងភ័ក្រ ដែល​​និយោជក​អាច​រក​បាន ប្រសិនបើ​ពួកគេ​មាន​ជំនាញ​ត្រឹមត្រូវ។

តើ​បងភ័ក្រ​អាច​ផ្គូផ្គង​និយោជិត/កម្មករ និង​និយោជក​បាន​ល្អ​ដោយ​វិធី​ណា?

បងភ័ក្រ មាន​ចំណេះដឹង​​ច្រើន​ពី​ផ្នែក​ដែល​ខ្លួន​ធ្វើការ ដោយ​ដឹង​​​ពី​​មុខតំណែង​ទូទៅ​​បំផុត​ទាំងអស់​ដែល​មាន​ក្នុង​ផ្នែក​ទាំង​នេះ និង​បង្កើន​ចំណេះដឹង​​របស់​ខ្លួន​យ៉ាង​សកម្ម​ភ្លាមៗ។ ជំនាញ​នេះ​​អនុញ្ញាត​ឲ្យ​បង​ភ័ក្រ​ជួយ​ក្រុមហ៊ុន​រៀបចំ​​​ដំណឹង​ជ្រើសរើស​បុគ្គលិក​មាន​រចនាសម្ព័ន្ធ​ល្អ ដោយ​ប្រើ​តែ​ម៉ឺនុយ​ទម្លាក់​ចុះ​ប៉ុណ្ណោះ។ ជា​មួយ​ព័ត៌មាន​នេះ បងភ័ក្រ​អាច​រៀបចំ​ការ​ជូន​ដំណឹង​ជ្រើសរើស​បុគ្គលិក​​តាម​បរិបទ ឬ​សំឡេង​ដោយ​ស្វ័យ​ប្រវត្តិ។

ដោយ​សារ​តែ​ព័ត៌មាន​អំពី​ទីតាំង, ផ្នែក, មុខតំណែង និង​តម្រូវការ​ត្រូវ​បាន​រៀបចំ​តាម​រចនាសម្ព័ន្ធ​យ៉ាង​ល្អ វា អាច​ផ្គូផ្គង​ដោយ​ស្វ័យប្រវត្តិ​ជា​មួយ​​បទ​ពិសោធន៍​របស់​និយោជិត/កម្មករ​​ដែល​បាន​ចុះឈ្មោះ ឬ​ជា​មួយ​ចំណង់​ចំណូល​ចិត្ត​របស់​របស់​បេក្ខជន​ដែល​ស្វែងរក​ការងារ។

រចនាសម្ព័ន្ធ​នេះ​ក៏​អនុញ្ញាត​ឲ្យ​បង​ភ័ក្រ​ផលិត​​ដំណឹង​ជ្រើសរើស​បុគ្គលិក​​ជា​ភាសា​ផ្សេង​​ខុស​ពី​​ភាសា​របស់​មនុស្ស​ដែល​រៀបចំ​ដំណឹង​ជ្រើសរើស​បុគ្គលិក។ ឧទាហរណ៍ ដំណឹង​ជ្រើសរើស​បុគ្គលិក​អាច​ត្រូវ​បាន​រៀបចំ​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​និយោជិត/កម្មករ​​នឹង​ឃើញ ព្រម​ទាំង​​ស្ដាប់​វា​ជា​ភាសា​ខ្មែរ។

តើ​អ្វី​ជា​គុណសម្បត្តិ​សម្រាប់​ក្រុមហ៊ុន​ដែល​ប្រើ​បងភ័ក្រ?

  • រៀបចំ និង​ប្រកាស​ដំណឹង​ជ្រើសរើស​បុគ្គលិក​​​ដែល​ចំណាយ​ពេល​តិច​ជាង​ពីរ​នាទី
  • ទទួល​បាន​បញ្ជី​បេក្ខជន​ដែល​ពួកគេ​អាច​គ្រប់គ្រង និង​ហៅ​នៅ​ពេល​ណា​ដែល​ពួកគេ​ត្រូវការ
  • អាច​ស្វែងរក​បញ្ជី​អ្នក​ស្វែងរក​ការងារ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បងភ័ក្រ ដោយ​រក​មើល​ការងារ​ក្នុង​ផ្នែក​របស់​ពួកគេ និង​រក​ឃើញ​​អ្នក​ដែល​ត្រូវ​នឹង​តម្រូវការ​​របស់​ពួកគេ​បាន​ភ្លាមៗ
  • ដឹង​ពី​ជំនាញ​របស់​​និយោជិត​​​/កម្មករ​មុន​ពេល​សម្ភាសន៍​ពួកគេ
  • មិន​ចាំបាច់​ត្រូវ​ចំណាយ​ថវិកា
  • ជា​កម្មវិធី​​កុំព្យូទ័រ​ដែល​ងាយស្រួល​ប្រើ, មិន​គិត​ថ្លៃ, ប្រកប​ដោយ​សមត្ថភាព និង​មាន​ជំនាញ​​ដែល​សម្រួល​ដល់​ដំណើរការ​ជ្រើសរើស​ និង​ជួល​បុគ្គលិក

តើ​អ្វី​ជា​គុណសម្បត្តិ​សម្រាប់​និយោជិត/កម្មករ​​ដែល​ប្រើ​បងភ័ក្រ?

  • ស្វែងរក​​ការងារ​បាន​យ៉ាង​ឆាប់​រហ័ស​ដែល​ត្រូវ​នឹង​ជំនាញ​​​របស់​ពួកគេ​ក្នុង​ផ្នែក​ណា​មួយ និង​ទីកន្លែង​ដែល​ពួក​គេ​ចង់​​ធ្វើ​ការ
  • ប្រកាស​ប្រវត្តិរូប និង​បទ​ពិសោធន៍​របស់​ពួកគេ​ក្នុង​បងភ័ក្រ ដែល​អនុញ្ញាត​ឲ្យ​និយោជក​រក​ឃើញ​​ ព្រម​ទាំង​ផ្ដល់​​​​ការងារ​ឲ្យ​ពួកគេ​ជា​មួយ​នឹង​លក្ខខណ្ឌ​ច្បាស់​លាស់
  • បញ្ជូន​ការងារ​ដែល​ចាប់អារម្មណ៍​ទៅ​ឲ្យ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​ស្វែងរក​ការងារ
  • ស្ដាប់​ឱកាស​ការងារ និង​ផ្ដល់​សញ្ញា​ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ​និយោជក​ទាក់ទង​មក​​ពួកគេ

តើ​ខ្ញុំ​ប្រើ​បងភ័ក្រ​ដោយ​វិធី​ណា?

ក្រុមហ៊ុន

  • ចុះ​ឈ្មោះ​ក្នុង​បងភ័ក្រ វា​ចំណាយ​ពេល​តែ​ពីរ​នាទី​ប៉ុណ្ណោះ
  • ស្វែងរក​និយោជិត/កម្មករ​ ឬ​ប្រកាស​ដំណឹង​ជ្រើសរើស​បុគ្គលិក
  • ហៅ​បេក្ខជន​ដែល​ឆ្នើម

និយោជិត/កម្មករ

  • ស្វែងរក​​ប្រភេទ​ការងារ​ដែល​អ្នក​កំពុង​ស្វែងរក​ក្នុង​បងភ័ក្រ
  • ចុះ​ឈ្មោះ​ក្នុង​បងភ័ក្រ និង​អាច​ឲ្យ​និយោជក​​រក​អ្នក​ឃើញ